មូលដ្ឋានហិរញ្ញវត្ថុ
ផ្នែកនេះឆ្លើយសំណួរអំពីអ្វីដែលកំពុងកើតឡើងចំពោះប្រាក់របស់អ្នកនៅពេលបញ្ជូនទៅផ្ទះ។ មានដំបូន្មានហិរញ្ញវត្ថុបន្ថែមដែលនឹងជួយអ្នកក្នុងការរកប្រាក់របស់អ្នក។
របៀបបើកគណនីធនាគារ
ធនាគារផ្តល់សេវាផ្សេងៗដ […]
ធនាគារផ្តល់សេវាផ្សេងៗដើម្បីបំពេញតម្រូវការរបស់អតិថិជន។ អ្នកត្រូវយល់ពីលក្ខខណ្ឌនៃគណនីធនាគារ ឬសេវាដើម្បីកំណត់ថាតើវាសមស្របសម្រាប់អ្នក ឬទេ។ នៅពេលអ្នករកបានគណនីធនាគារដែលសមស្របនឹងតម្រូវការរបស់អ្នក សូមពិនិត្យឯកសារដែលធនាគារត្រូវការសម្រាប់ការបើកគណនីធនាគារ។ ជាទូទៅ ឯកសារចាំបាច់សម្រាប់បើកគណនីធនាគាររួមមាន ៖១) ភស្តុតាងបញ្ជាក់សិទ្ធិរស់នៅក្នុងប្រទេស ដូចជា លិខិតអនុញ្ញាតឱ្យរស់នៅ/ធ្វើការ។ ២) ភស្តុតាងបញ្ជាក់ការងារ ដូចជា ទិដ្ឋាការការងារ លិខិតចេញដោយនិយោជក។ សូមពិនិត្យគោលនយោបាយជាក់លាក់ជាមួយធនគារដែលអ្នកជ្រើសរើស។ ៣) អត្តសញ្ញាណរូបថត ដូចជា លិខិតឆ្លងដែន។ ៤) ទំហំប្រាក់បញ្ញើអប្បរមា ដែលកំណត់ដោយធនាគារ។ សូមពិនត្យគោលនយោបាយជាក់លាក់ជាមួយធនាគារដែលអ្នកជ្រើសរើស។ ធនាគារមួយចំនួនអាចស្នើសុំ ៖ ភស្តុតាងបញ្ជាក់អាសយដ្ឋាន ដូចជា កិច្ចសន្យាជួល ឬវិក្កយបត្រទឹកភ្លើង រូបថតប៉ុនទំហំរូបថតក្នុងលិខិតឆ្លងដែន។ ប្រសិនបើអ្នកចង់បានការណែនាំស្តីពីរបៀបបើកគណនីធនាគារ សូមពិនិត្យធនធានហិរញ្ញវត្ថុរបស់ SaverAsia តាមគេហទំព័រ www.saverasia.com ដើម្បីស្វែងយលពីសេវាសម្រាប់ជន ចំណាកស្រុកក្នុងប្រទេសរបស់អ្នក។
តើអ្វីជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ?
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ […]
ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសមត្ថភាពក្នុងការយល់ និងគ្រប់គ្រងប្រាក់កាសរបស់អ្នក។ វាមានសារៈសំខាន់ព្រោះវាផ្តល់ចំណេះដឹង និងជំនាញដល់យើងក្នុងការគ្រប់គ្រងផលរបរ ចំណាយ ថវិកា ប្រាក់សន្សំ និងកម្ចីរបស់យើងដោយប្រសិទ្ធភាព និងផ្តល់លទ្ធភាពឱ្យយើងប្រើប្រាស់ប្រាក់កាសអស់ពីលទ្ធភាព។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយដល់អ្នកដែលកំពុងធ្វើការនៅបរទេស និងក្រុមគ្រួសាររបស់ពួកគេឱ្យ ៖
• ធ្វើការជ្រើសរើសដោយផ្អែកតាមព័ត៌មានច្បាស់លាស់ស្តីពីគោលដៅជីវិត និងវិធីសម្រេចគោលដៅទាំងនោះតាមរយៈការធ្វើចំណាកស្រុក។
• ផ្តល់លទ្ធភាពឱ្យបុរស និងស្រ្តីក្នុងការកំណត់ និងសម្រេចបានគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែងនៅប្រទេសគោលដៅ និងក្នុងសហគមន៍កំណើតរបស់ខ្លួន។
• បង្កើនសមត្ថភាពសន្សំប្រាក់ដោយប្រើប្រាស់ថវិកា
• ប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត
• បង្កើតយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យ
សូមស្រាវជ្រាវពីធនធានហិរញ្ញវត្ថុរបស់ SaverAsia ដើម្បីទទួលបានធនធានចំណេះដឹងហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលក្នុងប្រទេសរបស់អ្នក។
តើអ្វីជាកាតធនាគារ?
កាតធនាគារជាកាតដែលធនាគ […]
កាតធនាគារជាកាតដែលធនាគារផ្តល់ឱ្យអ្នក ដើម្បីឱ្យអ្នកអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអេឡិចត្រូនិក។ កាតធនាគារមានប្រភេទផ្សេងៗគ្នា ដូចជា កាត ATM កាតឥណពន្ធ និងកាតឥណទាន
តើអ្វីជាកាតឥណពន្ធ?
កាតឥណពន្ធជាកាតដែលអាចឱ […]
កាតឥណពន្ធជាកាតដែលអាចឱ្យអ្នកទទួលបានសាច់ប្រាក់ពីគណនីរបស់អ្នកដោយប្រើប្រាស់ម៉ាស៊ីនពិសេស (ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ឬ ATM)។ ក្រៅពីការដកប្រាក់ពីគណនីរបស់អ្នក អ្នកអាចប្រើប្រាស់ទូ ATM ដើម្បីពិនិត្យមើលសមតុល្យក្នុងគណនីរបស់អ្នក ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀត និងដាក់ប្រាក់ក្នុងគណនីរបស់អ្នក។ ធនាគារនីមួយៗមានបណ្តាញ ATM ផ្ទាល់ខ្លួន ប៉ុន្តែអ្នកអាចប្រើប្រាស់កាតធនាគាររបស់អ្នកដើម្បីដកប្រាក់ពីទូ ATM ណាមួយក៏បាន (ATM របស់ធនាគារណាក៏បាន)។ ប៉ុន្តែធនាគាររបស់អ្នកអាចគិតថ្លៃសេវានៅរាល់ពេលដែលអ្នកប្រើប្រាស់ទូ ATM ដែលជាផ្នែកមួយនៃបណ្តាញរបស់ធនាគារមួយផ្សេងទៀត។ ក្រៅពីនេះ គេអាចប្រើកាតឥណពន្ធសម្រាប់ទូទាត់ថ្លៃទំនិញដែលអ្នកទិញ ក្នុងហាងជាច្រើន។ អ្នកត្រូវមានសមតុល្យក្នុងគណនីនៅពេលទិញ។ ថ្លៃទំនិញដែលអ្នកទិញ ត្រូវបានកាត់ចេញពីគណនីរបស់អ្នកភ្លាមៗ។ អ្នកនឹងទទួលបានរបាយការណ៍ជាប្រចាំពីធនាគារ ដែលបង្ហាញពីទឹកប្រាក់សរុបដែលបានកាត់ចេញពីគណនីរបស់អ្នក និងសមតុល្យនៅសល់។ ក្នុងប្រទេសមួយចំនួន ធនាគារខ្លះផ្តល់តែសេវា ATM ប៉ុណ្ណោះ។
តើអ្វីជាកម្ចី?
កម្ចីសំដៅលើការប្រើប្រា […]
កម្ចីសំដៅលើការប្រើប្រាស់ប្រាក់របស់នរណាម្នាក់ទៀតជំនួសឱ្យប្រាក់របស់អ្នក។ កម្ចីពាក់ព័ន្ធនឹងកាតព្វកិច្ចសង និងសងតាមកាលកំណត់។ គួរមានការសម្រេចចិត្តយ៉ាងហ្មត់ចត់ពីកម្ចី និងគួរមានការស្រាវជ្រាវយ៉ាងគ្រប់ជ្រុងជ្រោយផងដែរ មុននឹងខ្ចីប្រាក់។ សូមពិនិត្យលក្ខខណ្ឌឥណទាន កម្ចី ឬការដកប្រាក់លើស (ពីក្នុងគណនីធនាគារ) ដោយប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្ត។
តើខ្ញុំគួរខ្ចីប្រាក់ទេ?
ពេលខ្លះ ការខ្ចីប្រាក់អ […]
ពេលខ្លះ ការខ្ចីប្រាក់អាចជាការសម្រេចចិត្តដ៏ល្អ ប៉ុន្តែក៏អាចបង្កជាបញ្ហា និងស្ថានភាពគ្រោះថ្នាក់ផងដែរ។ កម្ចីពាក់ព័ន្ធនឹងកាតព្វកិច្ចសង និងសងតាមកាលកំណត់។ ក្រៅពីនេះ អ្នកត្រូវបង់ថ្លៃបន្ថែមដល់អ្នកផ្តល់កម្ចី (ការប្រាក់) ផងដែរ។ ប្រសិនបើអ្នកខកខានមិនបានសងប្រាក់ ឬសងប្រាក់យឺតពេល អ្នកប្រាកដជាជួបការលំបាកនានា ដូចជា ចំណាយបន្ថែម និងលទ្ធភាពប្រឈមមុខផ្លូវច្បាប់។ មុននឹងសម្រេចចិត្តខ្ចីប្រាក់ សូមសួរខ្លួនឯង ៖ ១) តើខ្ញុំពិតជាត្រូវប្រើបំណុលសម្រាប់ការទិញដូរនេះមែន ឬ? ២) តើខ្ញុំអាចសងប្រាក់ ឬបង់ប្រាក់តាមខែដោយងាយស្រួល ឬទេ? ៣) តើខ្ញុំអាចទទួលយកលក្ខខណ្ឌកម្ចីដែលលើកឡើង ឬទេ? ប្រសិនបើអ្នកឆ្លើយថា “មែន” ទៅនឹងសំណួរទាំង ៣ ខាងលើ អ្នកអាចខ្ចីប្រាក់បាន។ ប្រសិនបើឆ្លើយថា “ទេ” អ្នកគួររង់ចាំមួយរយៈ និងសន្សំប្រាក់សម្រាប់ការទិញដូរដោយមិនជាប់បំណុល។ ដើម្បីឱ្យច្បាស់លាស់ក្នុងស្ថានភាពស្ទើរតែទាំងអស់ អ្នកគួរចាយវាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ការទិញដូរ ជាជាងខ្ចីគេ។ ជារួម បំណុលប្រៀបដូចជាឧបករណ៍មួយទៀត ដែលមានប្រយោជន៍បំផុតប្រសិនបើត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ ប៉ុន្តែបង្កគ្រោះថ្នាក់ប្រសិនបើត្រូវបានប្រើប្រាស់ដោយគ្មានការទទួលខុសត្រូវ។
តើអ្វីជាឥណទាន?
ឥណទានជាប្រាក់កម្ចីដែល […]
ឥណទានជាប្រាក់កម្ចីដែលអាចប្រើប្រាស់សម្រាប់ការទូទាត់ថ្លៃទំនិញ ឬសេវានានា។ ប្រាក់កម្ចីនេះត្រូវសងទៅវិញ ដោយមានជាប់ការប្រាក់ នៅកាលបរិច្ឆេទណាមួយ។ ឥណទានមានទម្រង់ជាច្រើន ដូចជា កាតឥណទាន កាតហាងទំនិញ ការដកប្រាក់លើស (ពីគណនីធនាគារ) និងកម្ចី។
តើអ្វីជាកាតឥណទាន និងកាតហាងទំនិញ?
កាតឥណទានជាកាតធនាគារដ […]
កាតឥណទានជាកាតធនាគារដែលផ្តល់ឥណទានភ្លាមៗដល់ម្ចាស់កាត។ នៅពេលអ្នកប្រើប្រាស់កាតឥណទានដើម្បីទូទាត់ថ្លៃទំនិញ មាន័យថាអ្នកកំពុងខ្ចីប្រាក់ពីធនាគារដែលចេញកាតនោះ។ ជំនួសឱ្យការកាត់ប្រាក់ចេញពីគណនី នៅរាល់ពេលដែលអ្នកទិញដូរ (ដូចគ្នានឹងទូ ATM និងកាតឥណពន្ធដែរ) ធនាគារនឹងធ្វើការទូទាត់ដល់អាជីវករ រួចផ្ញើវិក្កយបត្រកាតឥណទានឱ្យអ្នកជារៀងរាល់ខែ ដោយបង្ហាញពីប្រតិបត្តិការទិញដូរទាំងអស់ពីកាតឥណទានរបស់អ្នក។ ប្រសិនបើអ្នកមិនបង់វិក្កយបត្រនេះក្នុងរយៈពេល ៣០ ថ្ងៃ ក្រុមហ៊ុនចេញកាតឥណទាននឹងចាប់ផ្តើមគិតការប្រាក់ពីអ្នកទៅតាមសមតុល្យដែលមិនបានបង់។ កាតឥណទានជាទម្រង់ដ៏មានប្រយោជន៍នៃហិរញ្ញវត្ថុរយៈពេលខ្លីដែលគេអាចប្រើប្រាស់សម្រាប់ការទិញដូរ។ កាតឥណទានអាចផ្តល់មធ្យោបាយល្អៗសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការទិញដូរប្រចាំថ្ងៃ ប៉ុន្តែប្រសិនបើមិនបង់ទៅតាមកាលកំណត់ និងគ្រប់ចំនួន ការប្រើប្រាស់កាតឥណទានអាចធ្វើឱ្យអ្នកប្រើប្រាស់ជាប់បំណុលយ៉ាងឆាប់រហ័ស។ សំខាន់បំផុតត្រូវប្រើប្រាស់កាតឥណទានសម្រាប់តែការចំណាយលើអ្វីដែលអ្នកដឹងថា អ្នកអាចទូទាត់សងបានយ៉ាងឆាប់រហ័សប៉ុណ្ណោះ។ កាតហាងទំនិញអាចរកបានក្នុងប្រទេសជាច្រើន។ កាតហាងទំនិញនេះអាចខុសពីកាតឥណទាន ប៉ុន្តែកាតហាងទំនិញជាកាតឥណទានដ៏មានប្រសិទ្ធភាពដែលអាចប្រើប្រាស់បានតែក្នុងហាងទំនិញមួយប៉ុណ្ណោះ (ឬបណ្តាញហាងទំនិញ)។
តើអ្វីជាការដកប្រាក់លើស (ពីគណនីធនាគារ)?
ការដកប្រាក់លើស (ពីគណនីធ […]
ការដកប្រាក់លើស (ពីគណនីធនាគារ) ជាទម្រង់មួយផ្សេងទៀតនៃហិរញ្ញវត្ថុរយៈពេលខ្លី។ ការដកប្រាក់លើស មានន័យថា ធនាគារអនុញ្ញាតឱ្យម្ចាស់កាត បន្តដកប្រាក់ សូម្បីតែនៅពេលដែលគណនីរបស់អ្នកគ្មានសល់សមតុល្យ។ អាចមានការគិតថ្លៃសេវាដកប្រាក់លើស នៅពេលធនាគារត្រូវគ្របដណ្តប់លើភាពខុសគ្នារវាងអ្វីដែលអ្នកបានចំណាយ និងអ្វីដែលអ្នកមាន។ គណនីធនាគាររបស់អ្នកអាចរួមបញ្ចូលជាស្រេចនូវការដកប្រាក់លើស ឬក៏អ្នកប្រហែលជាអាចដាក់ពាក្យសុំដកប្រាក់លើស នៅពេលដែលអ្នកត្រូវការសេវានេះ (ហៅថា ការដកប្រាក់លើសដោយមានការរៀបចំ)។ ការដកប្រាក់លើសដោយមានការរៀបចំ ឬដោយចៃដន្យ កើតឡើងនៅពេលដែលអ្នកដកប្រាក់ច្រើនពេកពីគណនីរបស់អ្នក ហើយសមតុល្យរបស់អ្នកគឺអវិជ្ជមាន។ មិនថាជាការរៀបចំ ឬគ្មានការរៀបចំនោះទេ ការដកប្រាក់លើសមានន័យថា អ្នកជំពាក់បំណុលធនាគារ។ ដើម្បីបញ្ចៀសអត្រាការប្រាក់ខ្ពស់ដែលអាចបង្កើនទំហំបំណុល អ្នកគួរសងប្រាក់ដែលបានខ្ចីឱ្យបានលឿនបំផុត។ ដូច្នេះ អ្នកនឹងមិនជាប់បំណុល និងខាតបង់ការប្រាក់ទេ។
តើអ្វីជាកម្ចី?
កម្ចីសំដៅលើការខ្ចីប្រាក់ […]
កម្ចីសំដៅលើការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬសហករណ៍ឥណទាន (credit union) ឬអ្នកចងការក្នុងមូលដ្ឋាន។ ជាទូទៅ កម្ចីជាទឹកប្រាក់ដែលត្រូវទូទាត់សងក្នុងថិរវេលាថេរមួយ។ អ្នកខ្ចីជាប់បំណុល និងជាទូទៅ ត្រូវបង់ការប្រាក់ (ភាគរយនៃប្រាក់ដែលបានខ្ចី) នៅពេលជាប់បំណុល រហូតទាល់តែសងអស់ និងត្រូវសងប្រាក់ដែលខ្ចីដំបូងឱ្យគ្រប់ចំនួន។ កម្ចីអាចផ្តល់ជូនសម្រាប់គោលបំណងផ្សេងៗ ដូចជា ទិញរថយន្ត ឬផ្ទះ ឬទូទាត់ថ្លៃចំណាយលើការធ្វើចំណាកស្រុក។ កម្ចីប្រាក់បៀវត្សរ៍ ឬបុរេប្រទានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យអ្នកខ្ចីទូទាត់ចំណាយដែលពួកគេមិនទាន់អាចមានលទ្ធភាពបង់ រហូតដល់ថ្ងៃបើកប្រាក់បៀវត្សរ៍ កាន់តែមានភាពពេញនិយម ប៉ុន្តែវាមានអត្រាការប្រាក់ខ្ពស់ ដែលធ្វើអ្នកខ្ចីមានការលំបាកក្នុងការទូទាត់សងវិញ។ ចំណាយពាក់ព័ន្ធនឹងកម្ចី ប្រែប្រួលទៅតាមប្រភេទកម្ចីដែលអ្នកចង់បាន និងគោលនយោបាយរបស់អ្នកផ្តល់កម្ចីដែលពាក់ព័ន្ធនឹងអត្រាការប្រាក់ ថ្លៃសេវា លក្ខខណ្ឌប្រាក់សន្សំ អ្នកធានា និងវត្ថុបញ្ចាំ។ មុននឹងខ្ចីប្រាក់ សូមប្រៀបធៀបចំណាយពាក់ព័ន្ធនឹងកម្ចីក្នុងចំណោមអ្នកផ្តល់កម្ចីនានា។
តើអ្វីជាការប្រាក់?
ការប្រាក់សំដៅលើប្រាក់ដែ […]
ការប្រាក់សំដៅលើប្រាក់ដែលអ្នកខ្ចីបង់ឱ្យអ្នកផ្តល់កម្ចី បន្ថែមលើប្រាក់ដែលបានខ្ចី ដើម្បីប្រើប្រាស់ប្រាក់ដែលបានខ្ចី។ នៅពេលពិចារណាពីឥណទាន ឬកម្ចី សូមស្វែងយល់ និងសួរសំណួរស្តីពីអត្រាការប្រាក់ និងលក្ខខណ្ឌកម្ចី។ សូមព្យាយាមបញ្ចៀសកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ និងពិចារណាពីគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការទទួលស្គាល់ ជាជាងអ្នកចងការក្នុងមូលដ្ឋាន។
តើអ្វីជាវត្ថុបញ្ចាំ?
វត្ថុមានតម្លៃមួយដែលអ្ន […]
វត្ថុមានតម្លៃមួយដែលអ្នកខ្ចីត្រូវប្រគល់ឱ្យអ្នកផ្តល់កម្ចីក្នុងករណីដែលអ្នកខ្ចីមិនអាចសងប្រាក់ដែលបានខ្ចី (អាចជាដីធ្លី យានយន្ត ប្រាក់សន្សំ។ល។)។ មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិសំខាន់ៗ ដូចជា ផ្ទះរស់នៅ ជាវត្ថុបញ្ចាំឡើយ ព្រោះអ្នកអាចបាត់បង់វាក្នុងករណីដែលអ្នកមិនអាចសងគេរួច។
តើអ្វីជាអ្នកធានា?
អ្នកដែលត្រូវសងប្រាក់ជំ […]
អ្នកដែលត្រូវសងប្រាក់ជំនួសអ្នក ក្នុងករណីដែលអ្នកមិនអាចសងបាន។ បុគ្គលនេះប្រហែលជាត្រូវចុះហត្ថលេខារួមជាមួយអ្នកលើកិច្ចព្រមព្រៀងកម្ចីជាមួយអ្នកផ្តល់កម្ចី។
តើអ្វីជាពន្ធ?
ពន្ធជាប្រាក់ដែលអ្នកត្រូ […]
ពន្ធជាប្រាក់ដែលអ្នកត្រូវបង់ជូនរដ្ឋាភិបាលសម្រាប់ផ្តល់សេវាសារធារណៈ។ ពន្ធអាចមានកម្រិតខុសៗគ្នា និងអាចបង់នៅតាម ស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាល ដូចជា ពន្ធថ្នាក់ជាតិ ពន្ធរដ្ឋ/ខេត្ត និងពន្ធនៅមូលដ្ឋាន។ ពន្ធទូទៅបំផុតដែលអ្នកត្រូវបង់នៅពេលអ្នកធ្វើការនៅបរទេសគឺពន្ធប្រាក់ចំណូល។ ពន្ធនេះប្រែប្រួលទៅតាមទីតាំង និងកម្រិតប្រាក់ចំណូលរបស់អ្នក។
តើខ្ញុំអាចផ្ញើប្រាក់ដោយរបៀបណា?
មានវិធីជាច្រើនក្នុងការផ […]
មានវិធីជាច្រើនក្នុងការផ្ញើប្រាក់ពីប្រទេសមួយទៅប្រទេសមួយទៀត ៖
• ពីសាច់ប្រាក់ ទៅ សាច់ប្រាក់ ៖ ប្រសិនបើអ្នកចង់ផ្ញើប្រាក់ដើម្បី ឱ្យគ្រួសាររបស់អ្នកអាចដកប្រាក់ក្នុងប្រទេសដែលពួកគេរស់នៅ អ្នកអាចប្រើប្រាស់សេវារបស់អង្គភាពផ្ទេរប្រាក់។ សូមស្វែងយល់ជាមួយ SaverAsia ដើម្បីស្វែងរកប្រតិបត្តិករផ្ទេរប្រាក់ដែលមានសាខានៅជិតទីតាំងរបស់អ្នក និងកន្លែងដែលគ្រួសារអ្នករស់នៅ ដើម្បីប្រៀបធៀបអត្រា។
• ពីកាត ទៅ កាត ៖ ប្រសិនបើអ្នក និងសមាជិកគ្រួសារអ្នកនៅស្រុកកំណើត មានកាតធនាគារ អ្នកអាចផ្ញើប្រាក់ដោយប្រើកាតធនាគារ។ អ្នកទទួលប្រាក់អាចដកប្រាក់សុទ្ធនៅទូ ATM ឬចាយវាយក្នុងហាងទំនិញដែលទទួលយកកាតនោះ។
• ការផ្ទេរពីធនាគារមួយទៅធនាគារមួយទៀត ៖ ប្រសិនបើអ្នក និងសមាជិកគ្រួសារអ្នកនៅស្រុកកំណើត មានគណនីធនាគារ អ្នកអាចផ្ទេរប្រាក់ពីគណនីធនាគាររបស់អ្នកទៅគណនីធនាគាររបស់ពួកគេក្នុងប្រទេសមួយទៀត។ ជាញឹកញាប់ គេហៅវិធីសាស្រ្តនេះថា ការផ្ទេរប្រាក់បែប SWIFT (ឈ្មោះប្រព័ន្ធផ្ទេរប្រាក់)។
• អនឡាញ ៖ បច្ចុប្បន្ន ក្រុមហ៊ុនផ្ទេរប្រាក់ជាច្រើនអនុញ្ញាត ឱ្យអ្នកធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត។ អ្នកត្រូវបង្កើតគណនីពិសេសមួយ ហើយក្រុមហ៊ុននឹងផ្ញើប្រាក់ទៅក្នុងគណនីធនាគាររបស់គ្រួសារអ្នក ឬអាចឱ្យពួកគេដកប្រាក់សុទ្ធតែម្តង។
• ពីកាបូបប្រាក់ចល័តទៅសាច់ប្រាក់ ឬកាបូបប្រាក់ចល័ត ៖ ការផ្ញើប្រាក់តាមរយៈទូរស័ព្ទចល័ត និងទូរស័ព្ទ smartphone ជាផ្នែកមួយដែលកំពុងរីកចម្រើន ដោយសារតែបច្ចេកវិទ្យាថ្មីៗ និងកំណើននៃការប្រើប្រាស់ទូរស័ព្ទ smartphone។ នៅទទួលបានប្រាក់ក្នុងកាបូបប្រាក់ចល័ត គេអាចដកប្រាក់នៅតាមមជ្ឈមណ្ឌលដកប្រាក់ជាច្រើន ឬអាចទទួលបានសាច់ប្រាក់ដោយផ្ទាល់ក្នុងកាបូបប្រាក់ចល័ត និងប្រើប្រាស់សម្រាប់បង់វិក្កយបត្រ បញ្ចូលប្រាក់ក្នុងទូរស័ព្ទ (mobile airtime) ទិញទំនិញអនឡាញ ឬសម្រាប់ដកប្រាក់នៅទូ ATM។ សូមស្វែងយល់ពី SaverAsia ដើម្បីដឹងពីសេវាផ្ទេរប្រាក់ចល័តសម្រាប់ការផ្ទេរប្រាក់រវាងប្រទេសរបស់អ្នក និងកន្លែងដែលគ្រួសារអ្នករស់នៅ។ ប្រសិនបើគ្រួសារអ្នកគ្មានកាបូបប្រាក់ចល័ត សូមពិនិត្យទីតាំងមជ្ឈមណ្ឌលដកប្រាក់ដែលនៅជិតពួកគេបំផុត។
តើអ្វីជាអត្រាប្តូរប្រាក់?
អត្រាប្តូរប្រាក់សំដៅលើក […]
អត្រាប្តូរប្រាក់សំដៅលើការគណនាដែលប្រើប្រាស់ដោយក្រុមហ៊ុនផ្ទេរប្រាក់ ដើម្បីបម្លែងរូបិយវត្ថុដែលអ្នកផ្ញើទៅជារូបិយវត្ថុរបស់អ្នកទទួលប្រាក់។ ថ្លៃសេវាអត្រាប្តូរប្រាក់ ៖ ជាទូទៅ នៅពេលគណនាអត្រាប្តូរប្រាក់ អង្គភាពមួយនឹងបន្ថែម “ថ្លៃសេវាបន្ទាប់បន្សំ” ឬហៅថា “ថ្លៃសេវាលើការបម្លែងរូបិយវត្ថុ“។ ដូច្នេះ វាធ្វើឱ្យអង្គភាពទាំងនោះអាចរកចំណូលបន្ថែមពីប្រតិបត្តិការរបស់អ្នក និងជាការអនុវត្តធម្មតាក្នុងវិស័យផ្ទេរប្រាក់ និងឧស្សាហកម្មធនាគារ។ ជាញឹកញាប់ វាជាការគិតថ្លៃសេវាដែលមិនបង្ហាញឱ្យដឹង។ ដូច្នេះ អ្នកគួរប្រៀបធៀបអត្រារបស់អ្នកផ្តល់សេវាផ្សេងៗ។
តើអត្រាប្តូរប្រាក់មានការធានា ឬទេ?
អត្រាប្តូរប្រាក់បរទេសសំ […]
អត្រាប្តូរប្រាក់បរទេសសំដៅលើតម្លៃរូបិយវត្ថុរបស់ប្រទេសមួយផ្សេងទៀតធៀបនឹងរូបិយវត្ថុក្នុងស្រុក។ នៅពេលផ្ញើប្រាក់ទៅបរទេស ក្រុមហ៊ុនដែលផ្ទេរប្រាក់នឹងធ្វើការគណនាដើម្បីបម្លែងរូបិយវត្ថុក្នុងស្រុកទៅជារូបិយវត្ថុអន្តរជាតិរបស់អ្នកទទួលប្រាក់។
ប្រសិនបើខ្ញុំផ្ញើប្រាក់ទៅមិត្ត ឬគ្រួសាររបស់ខ្ញុំ តើពួកគេនឹងទទួលបានប្រាក់ប៉ុន្មានជារូបិយវត្ថុក្នុងស្រុករបស់ពួកគេ?
ប្រាក់ដែលអ្នកផ្ញើនឹងត្រ […]
ប្រាក់ដែលអ្នកផ្ញើនឹងត្រូវបានបម្លែងដោយប្រើប្រាស់អត្រាប្តូរប្រាក់បរទេសនៅថ្ងៃដែលអ្នកផ្ញើ ទៅតាមទឹកប្រាក់សមមូល ទៅជារូបិយវត្ថុក្នុងស្រុករបស់ពួកគេ។ ក្រៅពីនេះ អាស្រ័យលើសេវាផ្ទេរប្រាក់ដែលអ្នកប្រើប្រាស់ ថ្លៃសេវានឹងត្រូវកាត់ចេញពីទឹកប្រាក់ផ្ញើសរុប។ SaveAsia នឹងផ្តល់ព័ត៌មានដល់អ្នកស្តីពីថ្លៃសេវា អត្រាប្តូរប្រាក់ និងទឹកប្រាក់ចុងក្រោយដែលត្រូវទទួលបាន មុនពេលអ្នកជ្រើសរើសសេវាណាមួយ។
តើអ្វីជាចំណាយពិតប្រាកដនៅពេលខ្ញុំផ្ញើប្រាក់?
មានសមាសភាគជាច្រើនក្នុងច […]
មានសមាសភាគជាច្រើនក្នុងចំណាយសរុបពិតប្រាកដនៅពេលផ្ញើប្រាក់ ៖
• ថ្លៃសេវាផ្ទេរប្រាក់ ៖ នេះជាចំណាយច្បាស់ជាងគេ និងអាចប្រែប្រួលយ៉ាងខ្លាំងទៅតាមក្រុមហ៊ុនផ្សេងៗ។ ជាទូទៅ ថ្លៃសេវានេះជាអ្វីដែលអ្នកផ្ញើត្រូវបង់ និងអាចប្រែប្រួលទៅតាមទឹកប្រាក់ដែលផ្ញើ។
•ថ្លៃសេវាទទួលប្រាក់ ៖ ពេលខ្លះ អ្នកទទួលប្រាក់អាចត្រូវបង់ថ្លៃសេវាបន្ថែមនៅពេលទទួលប្រាក់។ ជាទូទៅ ប្រាក់ដែលបានផ្ញើសម្រាប់ដកជាប្រាក់សុទ្ធនៅប្រតិបត្តិករផ្ទេរប្រាក់ (MTO) ឬភ្នាក់ងាររបស់ MTO នឹងមិនគិតថ្លៃសេវាបន្ថែមទេ។ ពេលខ្លះ ប្រាក់ដែលទទួលបានក្នុងគណនីធនាគារអាចប្រឈមនឹងការគិតអត្រាប្តូរប្រាក់បរទេសបន្ថែម ឬថ្លៃសេវាធនាគារផ្សេងទៀត ដែលអ្នកផ្ញើប្រាក់មិនបានដឹង មុនពេលផ្ញើប្រាក់។ ចំណាយទាំងនេះនឹងត្រូវកាត់ចេញពីប្រាក់ដែលត្រូវទទួលបាន។ ចំណាយបន្ថែមលើថ្លៃសេវាទទួលប្រាក់ អាចរួមមាន ថ្លែសេវានៅពេលដកប្រាក់នៅភ្នាក់ងារដកប្រាក់ចល័ត។
• ថ្លៃសេវាអត្រាប្តូរប្រាក់ ៖ ជាទូទៅ នៅពេលគណនាអត្រាប្តូរប្រាក់ អង្គភាពមួយនឹងបន្ថែម “ថ្លៃសេវាបន្ទាប់បន្សំ” ឬហៅថា “ថ្លៃសេវាបម្លែងរូបិវត្ថុ“។ ដូច្នេះ ពួកគេគិតថ្លៃបន្ថែមពីប្រតិបត្តិការរបស់អ្នក និងជាការអនុវត្តទូទៅក្នុងវិស័យរផ្ទេរប្រាក់ និងឧស្សាហកម្មធនាគារ។ ជាញឹកញាប់ វាជាការគិតថ្លៃសេវាដែលមិនបង្ហាញឱ្យដឹង។ ដូច្នេះ អ្នកគួរប្រៀបធៀបអត្រារបស់អ្នកផ្តល់សេវាផ្សេងៗ។
តើខ្ញុំអាចដកប្រាក់នៅកន្លែងណា?
អ្នកអាចដកប្រាក់តាមរយៈមជ […]
អ្នកអាចដកប្រាក់តាមរយៈមជ្ឈមណ្ឌលរបស់ដៃគូ/អង្គភាពទូទាត់ប្រាក់ ដែលអ្នកទទួលប្រាក់អាចទៅដល់។ ត្រូវត្រៀមលេខ/ព័ត៌មានលម្អិតនៃប្រតិបត្តិការ ដើម្បីអាចផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពដល់ការដកប្រាក់។
តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើបាត់បង់ប្រាក់ដែលបានផ្ញើ?
អ្នកគួរទាក់ទងទៅក្រុមហ៊ុ […]
អ្នកគួរទាក់ទងទៅក្រុមហ៊ុនដែលអ្នកបានផ្ញើប្រាក់ និងសូមឱ្យពួកគេកំណត់ទីតាំងប្រាក់ដែលបានផ្ញើ។ ក្រៅពីនេះ អ្នកគួរធ្វើយ៉ាងណាឱ្យបុគ្គលដែលអ្នកផ្ញើប្រាក់ទៅ បានទាក់ទងទៅអង្គភាពដែលគួរទូទាត់ប្រាក់ដល់ពួកគេ។ ប្រសិនបើនៅតែរកប្រាក់ដែលបានផ្ញើ មិនឃើញទៀត អ្នកគួរទាក់ទងទៅអង្គភាពណាមួយខាងក្រោម។ ត្រូវទុកសន្លឹកប្រតិបត្តិការរបស់អ្នកជាភស្តុតាង ក្នុងករណីមានបញ្ហាក្នុងប្រតិបត្តិការផ្ទេរប្រាក់។